ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៩៦នាក់
ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕

