ខេត្តកោះកុង៖ ថ្មីៗនេះ មានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីចាក់បំពេញអាចម៍ដីនៅតំបន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងលក្ខណៈមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនបានឆ្លុះបញ្ចាំងអំពីវិធានការដែលអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តជាក់ស្តែងនោះទេ។
ជាក់ស្តែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីរសៀល ក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុក និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដីចំនួន ០១កន្លែង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីទទួលបានព័ត៌មានអំពីសកម្មភាពចាក់ដីចូលតំបន់ចំណីសមុទ្រ។
ក្នុងការចុះពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានកំណត់ថា ទីតាំងខាងលើដែលមានទំហំសរុប ឆ៧២៦ម៉ែត្រការ៉េ និងមានការរៀបឥដ្ឋទប់ដីសម្រាប់កែលម្អកម្ពស់ដីប្រវែងប្រមាណ ៨៤ម៉ែត្រ។
ក្រោយការពិនិត្យយ៉ាងម៉ត់ចត់ ក្រុមការងារបានចេញការណែនាំ និងវិធានការច្បាស់លាស់ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពចាក់បំពេញអាចម៍ដី សាងសង់ ឬរៀបចំសំណង់ផ្សេងៗទាំងអស់ រហូតដល់មានការរៀបចំឯកសារ និងទទួលបានការអនុញ្ញាតស្របច្បាប់ពីស្ថាប័នមានសមត្ថកិច្ចជាមុនសិន។
ជាមួយគ្នានេះ លោក ជា ច័ន្ទកញ្ញាអភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល បានបញ្ជាក់ថារូបលោកបានចចាត់ឱ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ ចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងឱ្យផ្អាកសកម្មភាពទាំងស្រុងរួចមកហើយ ដើម្បីរៀបចំនីតិវិធីស្នើសុំការអនុញ្ញាតតាមច្បាប់ មុននឹងអនុវត្តគម្រោងបន្ត។
អាជ្ញាធរស្រុកក៏បានណែនាំឱ្យអាជ្ញាធរភូមិ និងឃុំ បន្តតាមដានទីតាំងនេះជាប្រចាំ ហើយប្រសិនបើមានសកម្មភាពណាមួយកើតឡើងដោយគ្មានការអនុញ្ញាត ត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ ម្ចាស់ទីតាំងឈ្មោះ យុង ស្រីវត្ថ បានស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ខណៈម្ចាស់ទីតាំងបានអះអាងថា ការរៀបឥដ្ឋ និងចាក់ដីបំពេញនោះ មានគោលបំណងទប់ស្កាត់ការបាក់ច្រាំងមាត់ឆ្នេរ និងការដួលរលំនៃដើមដូង ព្រមទាំងរៀបចំកែលម្អសោភ័ណភាពសម្រាប់បម្រើវិស័យទេសចរណ៍នាពេលអនាគត។
ដោយឡែក លោក ជៀម ជឿន អ្នកចាំដីប្រចាំទីតាំង បានទទួលយក និងយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារទាំងស្រុង ដោយសន្យាបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធ និងរៀបចំឯកសារស្នើសុំការអនុញ្ញាតតាមនីតិវិធីច្បាប់ជាមុនសិន។
តាមរយៈករណីនេះ រដ្ឋបាលស្រុកស្រែអំបិល សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា អាជ្ញាធរមានសមត្ថកិច្ចមិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ ពោលគឺបានចុះពិនិត្យ អន្តរាគមន៍ និងបញ្ឈប់សកម្មភាពនៅទីតាំងខាងលើរួចរាល់តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ដូច្នេះ សូមសាធារណជនទទួលព័ត៌មានដោយផ្អែកលើប្រភពផ្លូវការ និងព័ត៌មានដែលមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការយល់ច្រឡំដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តច្បាប់ និងការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។

