ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ បានប្រកាសដើរចេញពីគណបក្ស ហើយមកសុំរួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាង និងការអភិវឌ្ឍប្រទេសជាតិ ក្រោមដំបូលសន្តិភាព។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ទាំង ៤នាក់ខាងលើនេះរួមមាន៖
ទី១៖ ឈ្មោះ ឃិន កេន
ទី២៖ ឈ្មោះ ឃុន ព្រហ៉ីម
ទី៣៖ ឈ្មោះ អ៉ីព្រហ៉ីម សារីហ្វាត
និងទី៤៖ ទន ទាវ។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ទាំង ៤នាក់ខាងលើ បានលើកឡើងថា ពួកគេបានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀត បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពួកគាត់បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទនុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕

