អភិបាលខេត្តកំពង់ឆ្នាំង ជួយសម្របសម្រួល ជូនអាជីវករលក់ដូរផ្សារកំពង់បឹង ដែលសុំពន្យារពេលសាងសង់ផ្សាររយៈពេល៣ឆ្នាំ តែក្រុមហ៊ុនឯកភាពរយៈពេល៥ឆ្នាំ

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងក្រុមការងាររដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥ នាក់(តំណាងអាជីវករមានតូបក្នុងផ្សារ ៥០ តូប) ដែលបានសំណូមពរដល់តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យារពេលសាងសង់ផ្សាររយៈពេល ៣ឆ្នាំ ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកល បានបន្តលក់ដូរសិន។

ជាលទ្ធផលក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង ១ រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម៖

-តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេលសរុប ០៥ ឆ្នាំ

-គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល ១ឆ្នាំ កន្លះ) ទើបខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង។

-ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគចាប់ផ្តើមដំណើការសាងសង់ផ្សារ រយៈពេល ១៨ ខែ

-ក្រោយការសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូប ចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូបរយៈពេល ២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ។

ក្រោយការសម្របសម្រួលនេះ តំណាងអាជីវករបានបង្ហាញទឹកចិត្តរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដើម្បីជួយសម្របសម្រួលទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ ៣ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ឆ្នាំ៕

Photo 2024 04 04 08 37 05
Photo 2024 04 04 08 36 47
Photo 2024 04 04 08 37 07
Photo 2024 04 04 08 37 10

You missed