នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងឯកឧត្តម ហ៊ុន ម៉ានី និងអមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាល សរុប ៣៣ រូប បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំឡើង ក្នុងឱកាសរំឭកខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) ដើម្បីរំឭកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។
ការចូលរួមរបស់គណៈប្រតិភូ ស.ស.យ.ក. ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏ជាការចូលរួមរំឭក និងបង្ហាញពីស្មារតីរបស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ ជាពិសេសក្នុងចំណោមយុវជន ដើម្បីចូលរួមគោរពច្បាប់ បំពេញកាតព្វកិច្ចជាពលរដ្ឋ និងរួមចំណែកក្នុងការកសាងសង្គមប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

