ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់ចេញនូវទិសដៅ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដោយជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមគ្នាសហការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពសង្គម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល បានឱ្យដឹងថា៖ បច្ចុប្បន្នសំណុំរឿងទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានចំនួនសរុប ៩៦២ ករណី។ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តដោះស្រាយបានជោគជ័យចំនួន ៣៣១ ករណី រួចមកហើយ ខណៈសំណុំរឿងនៅសេសសល់ចំនួន ៦៣១ ករណី ទៀត កំពុងស្ថិតក្នុងដំណើរការពិនិត្យ សម្រួល និងដោះស្រាយយ៉ាងយកចិត្តទុកដាក់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ភាគីពាក់ព័ន្ធ សម្រាប់ក្រុមការងារដោះស្រាយទំនាស់ដីធ្លីដែលបានបញ្ចប់ករណីនីមួយៗរួចរាល់ ត្រូវប្រញាប់រៀបចំធ្វើរបាយការណ៍លម្អិត បញ្ជូនមកឯកឧត្តមអភិបាលខេត្តដើម្បីពិនិត្យ និងចុះហត្ថលេខា។ បន្ទាប់មក ត្រូវបញ្ជូនរបាយការណ៍នោះទៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបន្តបញ្ជូនទៅ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (អ.ដ.ក.) ដើម្បីបិទសំណុំរឿងជាផ្លូវការ និងអនុវត្តនីតិវិធីបន្តជូនប្រជាពលរដ្ឋ និងត្រូវខិតខំសំរុក និងពន្លឿនការដោះស្រាយសំណុំរឿងទំនាស់ដីធ្លីដែលនៅសេសសល់ចំនួន ៦៣១ ករណី ឱ្យបានសកម្ម និងទាន់ពេលវេលា ដោយឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ផ្អែកលើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តមបានបន្ថែមទៀតថា៖ ការជម្រុញ និងការយកចិត្តទុកដាក់ខ្ពស់លើការងារដោះស្រាយទំនាស់ដីធ្លីនេះ គឺជាអាទិភាពដ៏សំខាន់មួយរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងការកាត់បន្ថយការថ្នាំងថ្នាក់ ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព និងភាពយុត្តិធម៌ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត និងធានាជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ គ្រប់ក្រុមការងារទាំងអស់ត្រូវសហការគ្នាអោយជិតស្និទ្ធក្នុងករណីក្រុមការងារណាមួយជួបប្រទះការខ្វះខាតមន្ត្រី ឬធនធានមនុស្ស ត្រូវជួយអន្តរាគមន៍ និងចែករំលែកកម្លាំងមន្ត្រីរវាងគ្នានឹងគ្នា ដើម្បីធានាថាដំណើរការដោះស្រាយទំនាស់មិនមានការកកស្ទះ និងឈានទៅបញ្ចប់បានលឿនតាមផែនការកំណត់។

