សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយ ត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ច្បាប់ការងាររបស់កម្ពុជា បានចែងថា រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស ដោយមិនអាចរោងចក្រមួយ ឬក្រុមហ៊ុនមួយមានអ្នកធ្វើការជាជនបរទេសច្រើនជាងជនជាតិខ្មែរនោះទេ ហើយការប្រើប្រាស់បុគ្គលិកបរទេសច្រើនជាងបុគ្គលិកក្នុងស្រុកនៅពេលចប់ការងារគេទៅស្រុកគេវិញអស់ ដោយពុំបានផ្ទេរចំណេះ ជំនាញមកឱ្យយើងទេ។ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «យើងទាមទារឱ្យម៉ាកស៊ីមូម(Maximum) ត្រឹម ១០% សម្រាប់អ្នកមកពីក្រៅប្រទេស ដែលជាច្បាប់របស់យើង ប៉ុន្តែវាមានករណីលើកលែងសម្រាប់ជំនាញខ្លះដែលយើងមិនទាន់មាន។ ការធ្វើបែបនេះគឺដើម្បីឱ្យកូនខ្មែររបស់យើងមានឱកាសការងារ ឱកាសរៀនសូត្រប្រតិបត្តិយកជំនាញផ្ទាល់ពីការងាររបស់ខ្លួននៅក្នុងរោងចក្រ ឬនៅក្នុងក្រុមហ៊ុន»។សម្តេចធិបតីជឿថា ក្រុមហ៊ុនវិនិយោគមកពីបរទេសក៏ដូចគ្នានឹងក្រុមហ៊ុនក្នុងស្រុក គឺគ្មាននរណាចង់ស្ពាយជនបរទេសពីក្រៅប្រទេស ១ ០០០ នាក់ ឬ៥០០នាក់ មកធ្វើការនៅទីនេះទេ ព្រោះបង់តែប្រាក់ខែទៅមិនរួច គឺគេនឹងចង់យកបុគ្គលិកនៅក្នុងស្រុកល្អជាង ជាពិសេសបើបើករោងចក្រនៅស្រុកខ្មែរហើយ ត្រូវតែមានបុគ្គលិកជាច្រើនលើសលប់ជាខ្មែរ ដើម្បីស្របតាមច្បាប់ខ្មែរ ត្រូវតែបង្រៀនកូនខ្មែរឱ្យចេះធ្វើការងារនៅក្នុងរោងចក្រ ឬនៅក្នុងក្រុមហ៊ុន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរថា នេះគឺជាគោលការណ៍ និងជាទិសដៅសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញភ្ជាប់ជាមួយនឹងការងារ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ឱ្យដឹងទៀតថា អ្នកចេញពីសាលាបានសញ្ញាបត្រ វិញ្ញាបនបត្រ ប៉ុន្តែធ្វើការផ្ទាល់បានសញ្ញាឃើញ ហើយយើងចង់បានសញ្ញាឃើញឱ្យច្រើន ខណៈសញ្ញាឃើញនេះហើយ ដែលពង្រីកសមត្ថភាព និងភាពប៉ិនប្រសប់របស់មនុស្ស។ សម្ដេចធិបតីបានបន្ថែមថា៖ «យើងរៀននៅក្នុងសាលាអាចដោះស្រាយសមីការដែលគ្រូដាក់ឱ្យ ប៉ុន្តែចេញមកនៅក្នុងស្ថានភាពពិតប្រាកដ យើងប្រាកដជាត្រូវយកមូលដ្ឋាននោះមកដោះស្រាយបទពិសោធន៍ថ្មីៗហើយ»៕

Photo 2026 09 17 10 53 25 1024x682 813467688 4425465757764641 5702904633309656375 N 813715423 2821059688278996 4377551070483094937 N 813386060 1238730311752423 1830502413899190695 N

You missed